កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏កិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍន៏ប្រកបដោយចីរភាព
នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ងួន ញុិល អនុប្រធានទី២នៃរដ្ឋសភាបានដឹកនាំគណៈប្រតិភូរដ្ឋសភាទៅចូលរួមកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏កិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍន៏ប្រកបដោយចីរភាពនៃអង្គការសភាតំបន់អាសុី ដែលហៅកាត់ថា អេ.ភី.អេ (APA) ក្រោមប្រធានបទស្ដីពី "ការផ្សាភ្ជាប់កំណើនសេដ្ឋកិច្ច ទៅនឹងគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពដើម្បីសន្តិភាព និងវិបុលភាព"។ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេសុី ដោយមានការចូលរួមពីសមាជិកចំនួន២២ប្រទេស។
នាថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ងួន ញុិល អនុប្រធានទី២នៃរដ្ឋសភាបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា លើកទី៧ ក្រោមប្រធានបទ "ទេសចរណ៍អាស៊ាន៖ ជំរុញការអភិរក្សធម្មជាតិ និងការអភិវឌ្ឍន៏ទេសចរណ៍ប្រកបដោយចីរភាព" ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាអង្គររីសត ខេត្តសៀមរាប។
វេទិការអន្តរជាតិនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីពិគ្រោះយោបល់ពីការវិវឌ្ឍនយោបាយថ្មី ដែលកើតឡើងក្នុងតំបន់ និងសកលលោក ក្នុងក្របខណ្ឌសភានៃប្រទេសជាសមាជិកអាស៊ាន។ គណៈប្រតិភូដែលបានចូលរួមមាន ប្រ៊ុយណេ ឥណ្ឌូនេសុី ឡាវ ម៉ាឡេសុី មីយ៉ាន់ម៉ា សិង្ហបូរី ថៃ វៀតណាម អគ្គលេខាធិការអាយប៉ា និងតំណាងរបស់អគ្គលេខាធិការអាស៊ាន។ ដោយឡែកអវត្តមានប្រទេសហ្វីលីពីន។